Monday, March 5, 2012

កម្ពុជា យូណេស្កូ ចុះហត្ថលេខា​​លើ​​កិច្ច​ព្រមព្រៀង​​ស្ដីពី​​កិច្ច​​គាំពារ​​ប្រាសាទ​បាយ័ន​​ដំណាក់​កាល​​ទី​៤

កម្ពុជា​និង​អង្គការ​យូណេស្កូ កាលពី​ព្រឹក​ថ្ងៃ​ទី ១៣ ខែ​កុម្ភៈ​ឆ្នាំ ២០១២ នេះ បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ស្ដីពី​កិច្ច​គាំពារ​ប្រាសាទ​បាយ័ន​ ដំណាក់កាល​ទី​៤ ដែល​ពិធី​ចុះហត្ថលេខា​នោះ​ស្ថិត ក្រោម​អធិបតីភាព​ឯកឧត្ដម​បណ្ឌិត​សភា​ចារ្យ សុខ អាន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ទី​ស្ដី​ការ​គណៈ​រដ្ឋ មន្ត្រី​និង​ជា​ប្រធាន​អាជ្ញាធរ​អប្សរា​និង​លោក Philippe DELANGHE តំណាង​លោកជំទាវ Anne LEMAISTRE ដែល​ជា​អ្នកតំណាង​របស់​អង្គការ​យូណេស្កូ ប្រចាំ​កម្ពុជា និង​លោក Masafumi KUROKI ឯកអគ្គរាជទូត​ជប៉ុន​ប្រចាំ​កម្ពុជា ។
ថ្លែង​នា​ឱកាស​នោះ​ឯកឧត្ដម​បណ្ឌិត​សភា​ចារ្យ សុខ អាន មានប្រសាសន៍​ក្នុងនាម​រាជរដ្ឋាភិបាល​កម្ពុជា ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​រដ្ឋាភិបាល​និង ប្រជាជន​ជប៉ុន សម្រាប់​ជំនួយ​ដ៏​សប្បុរស​ដើម្បី​លើកកម្ពស់​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​សង្គម ជាពិសេស​កិច្ច គាំពារ​និង​ការ​ជួស​ជុល​បេតិកភណ្ឌ​វប្បធម៌​របស់​កម្ពុជា និង​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​អង្គ ការ​យូណេស្កូ និង​ស្ថាប័ន​ពាក់ព័ន្ធ​នានា​សម្រាប់​ការចូលរួម​យ៉ាងសកម្ម​ក្នុង​វិស័យ​ដ៏​ សំខាន់​នេះ ។
ឯកឧត្ដម​បញ្ជាក់​ថា ឧទ្យាន​អង្គរ ត្រូវ​បាន​ដាក់បញ្ចូល​ក្នុង​បញ្ជី «បេតិកភណ្ឌ​ពិភពលោក ប្រឈម មុខ​នឹង​គ្រោះថ្នាក់» នៅ​ឆ្នាំ ១៩៩២ ។ គណៈកម្មាធិការ​អន្តរជាតិ​សម្របសម្រួល​កិច្ច​គាំពារ​និង​អភិវឌ្ឍ រមណីយដ្ឋាន​ប្រវត្តិសាស្ត្រ​អង្គរ (ICC Angkor ) ត្រូវ​បាន​បង្កើត​ឡើង​ក្នុង​ឆ្នាំ ១៩៩៣ ដើម្បី​ការពារ អភិរក្ស និង​អភិវឌ្ឍ​រមណីយដ្ឋាន​បេតិកភណ្ឌ​វប្បធម៌ ។ ចាប់​តាំង​ពី​ការ​បង្កើត​គណៈកម្មាធិការ ICC Angkor គណៈកម្មាធិការ​នេះ​និង​រាជរដ្ឋាភិបាល​កម្ពុជា សម្រេច​បាន​នូវ​សមិទ្ធផល​ជាច្រើន​ក្នុង​ការ អភិរក្ស និង​អភិវឌ្ឍ រមណីយដ្ឋាន​បេតិកភណ្ឌ​វប្បធម៌​ពិភពលោក​អង្គរ ដែល​មាន​ជាអាទិ៍​ប្រាសាទ​បាយ័ន ដោយមាន​ជំនួយ​និង សហប្រតិបត្តិការ​ពី​បណ្ដា​ប្រទេស និង​អង្គការ​អន្តរជាតិ​នានា ។ ជា​លទ្ធផល ឧទ្យាន​អង្គរ​ត្រូវ​បាន​ដក ចេញពី​ក្នុង​បញ្ជី « បេតិកភណ្ឌ​ពិភពលោក​ប្រឈមមុខ​នឹង​គ្រោះថ្នាក់» នៅ​ឆ្នាំ ២០០៤ ។
ឯកឧត្ដម​បណ្ឌិត​សភា​ចារ្យ សុខ អាន បន្ត​ថា ក្រៅពី​ការ​អភិរក្ស កិច្ច​គាំពារ​និង​ការ​អភិវឌ្ឍ​ឧទ្យាន អង្គរ គណៈកម្មាធិការ ICC Angkor គឺជា​វេទិកា​មួយ​សម្រាប់​ការ​ផ្លាស់ប្ដូរ​គំនិត ព័ត៌មាន និង​បទ ពិសោធន៍​និង​សម្រាប់​ការ​ការពារ​បរិស្ថាន និង​ព្រៃឈើ រួម​ទាំង​ការ​អភិវឌ្ឍ​សហគមន៍​ផង​ដែរ ។ ខ្ញុំ​មាន សេចក្ដី​សោមនស្ស​រីករាយ​ដែល​អគ្គ​នាយិការ​អង្គការ យូណេស្កូ បាន​ប្រាប់​គណៈកម្មាធិការ​បេតិកភណ្ឌ ពិភពលោក​ថា គណៈកម្មាធិការ ICC Angkor បាន​ក្លាយ​ជា​គំរូ​ដ៏​ជោគជ័យ​មួយ សម្រាប់​កិច្ច​គាំពារ រមណីយដ្ឋាន​បេតិកភណ្ឌ​ផ្សេងៗ​ទៀត នៅ​លើ​ពិភពលោក ដែល​ក្នុង​ន័យ​នេះ​ទាមទារ​នូវ​កិច្ច​សហ​ប្រតិបត្តិការ​ដ៏​ស្អិត​រមួត​រវាង​ រដ្ឋាភិបាល ស្ថាប័ន​អន្តរជាតិ និង​អង្គការ​យូណេស្កូ ។ ចាប់​តាំងពី​ត្រូវ​បាន​បង្កើត គណៈកម្មាធិការ ICC Angkor បាន​សហការ​ជាមួយ ១៦​ប្រទេស ដែល​មកពី​ទ្វីប​ចំនួន ៤ និង​អង្គការ អន្តរជាតិ​ចំនួន ២៨ ដើម្បី​អនុវត្ត​គម្រោង​ចំនួន​ជាង ៦០ ។
ឯកឧត្ដម​ឧបនាយករដ្ឋមន្ត្រី​ក៏បាន​លើក​យក​សមិទ្ធផល​នានា​ដែល​សម្រេច​បាន​ រវាង​រាជ​រដ្ឋាភិបាល​កម្ពុជា​និង​រដ្ឋាភិបាល​ជប៉ុន ក្នុង​កិច្ច​គាំពារ​តំបន់​អង្គរ និង​ជាពិសេស​ប្រាសាទ​បាយ័ន ។ ជាក់ស្ដែង ក្រុមការងារ​ជប៉ុន​សម្រាប់​អភិរក្ស​អង្គរ (JSA) ត្រូវ​បាន​បង្កើត​ឡើង​ក្នុង​ឆ្នាំ ១៩៩៤ បន្ទាប់មក​ត្រូវ​បាន ប្ដូរ​ឈ្មោះ​មក​ជា​ក្រុង​ការងារ​ជប៉ុន និង​អាជ្ញាធរ​អប្សរា​សម្រាប់​អភិរក្ស​អង្គរ (JASA) ដែល​ទទួល​ថវិកា តាមរយៈ​មូលនិធិ​ជប៉ុន​ដែល​តម្កល់​នៅ​អង្គការ​យូណេស្កូ សម្រាប់​ការងារ​អភិរក្ស​សម្បត្តិ​វប្បធម៌ ។ ក្នុង​បរិបទ​នៃ​កិច្ច​សហ​ប្រតិបត្តិការ​នេះ យើង​សម្រេច​បាន​សមិទ្ធផល​គួរ​ឲ្យ​កត់សម្គាល់​រួមមាន ដំណាក់​កាល​ទី​១ ពី​ឆ្នាំ ១៩៩៤ ដល់ ឆ្នាំ ១៩៩៩​ដែល រដ្ឋាភិបាល​ជប៉ុន​បាន​ឧបត្ថម្ភ​ទាំងស្រុង ជា​ទឹកប្រាក់​ចំនួន ៥​លាន​ដុល្លារ​អាមេរិក ដើម្បី​ជួសជុល​បណ្ណាល័យ​ខាងជើង​នៃ​ប្រាសាទ​បាយ័ន ។ ដំណាក់កាល​ទី ២ ពី​ឆ្នាំ ២០០០ ដល់ ឆ្នាំ ២០០៥ រដ្ឋាភិបាល​ជប៉ុន​បាន​ឧបត្ថម្ភ​ទាំងស្រុង ជា​ទឹកប្រាក់​ចំនួន ៥​លាន​ដុល្លារ​អាមេរិក ដើម្បី​ជួសជុល​ប្រាសាទ​សួព្រ័ត្រ ប៉ម​ទី​១​និង​ទី​២ និង​បណ្ណាល័យ​ខាងជើង​នៃ​ប្រាសាទអង្គរវត្ត ។ ដំណាក់កាល​ទី​៣ ពី ២០០៦ ដល់​ឆ្នាំ ២០១១ រដ្ឋាភិបាល​ជប៉ុន​បាន​ឧបត្ថម្ភ​ជា​ទឹកប្រាក់ ចំនួន​ជិត​៤​លាន​ដុល្លារ​អាមេរិក ហើយ​រាជរដ្ឋាភិបាល កម្ពុជា​បាន​ចូលរួម​ជា​ទឹកប្រាក់​ចំនួន ៥០​ម៉ឺន​ដុល្លារ​អាមេរិក​តាមរយៈ​មូលនិធិ​អប្សរា ដើម្បី​ជួសជុល​បណ្ណាល័យ ខាងត្បូង​របស់ ប្រាសាទ​និង​ស្រាវជ្រាវ​រិះរក​វិធី​សំដៅ​អភិរក្ស​ចម្លាក់​ក្បាប់​ក្រឡោត​ទាប ​នៅ​រោង ទង​ខាងក្នុង ប្រាសាទ​បាយ័ន ។
ឯកឧត្ដម​បញ្ជាក់​ថា ពិធី​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ស្ដីពី « កិច្ច​គាំពារ​ប្រាសាទ​បាយ័ន​​ដំណាក់កាល​ទី​៤ » នេះ ស​បញ្ជាក់​ឲ្យ​ឃើញ​ពី​កិច្ច​សហ​ប្រតិបត្តិការ​បន្ថែម​រវាង​រាជរដ្ឋាភិបាល​នៃ ​ព្រះ រាជាណាចក្រ​កម្ពុជា និង​អង្គការ​យូណេស្កូ ។ ក្នុង​ដំណាក់កាល​នេះ រដ្ឋាភិបាល​ជប៉ុន​នឹង​ឧបត្ថម្ភ​ជា​ទឹក ប្រាក់​ចំនួន ២,៥​លាន​ដុល្លារ​អាមេរិក ហើយ​រាជរដ្ឋាភិបាល​កម្ពុជា​នឹង​ចូលរួម​ចំណែក​ជា​ទឹកប្រាក់​ចំនួន ៥០​ម៉ឺន​ដុល្លារ​អាមេរិក​តាមរយៈ​មូលនិធិ​អប្សរា ។
ឯកឧត្ដម​បណ្ឌិត​សភា​ចា​រ្យ សុខ អាន ក៏បាន​សម្ដែង​នូវ​ការ​កោតសរសើរ​ជាថ្មី​ម្តង​ទៀត ដល់​រដ្ឋាភិបាល និង​ប្រជាជន​នៃ​ប្រទេស​ជប៉ុន ចំពោះ​កិច្ច​សហ​ប្រតិបត្តិការ និង​ជំនួយ​សប្បុរស​ជា​បន្តបន្ទាប់​ក្នុង កិច្ច​គាំពារ​ឧទ្យាន​អង្គរ​និង​ចូលរួម​ចំណែក​ក្នុង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ សង្គម​របស់​កម្ពុជា​និង​ថ្លែងអំណរគុណ ចំពោះ​អង្គការ​យូណេស្កូ ប្រទេស​ជា​មិត្ត និង​ស្ថាប័ន​ពាក់ព័ន្ធ​នានា ដែល​ចូលរួម​ក្នុង​កិច្ច​គាំពារ រមណីយដ្ឋាន​បេតិកភណ្ឌ​ពិភពលោក​របស់​កម្ពុជា ៕

ដោយ​៖ សំ អន

0 comments:

Post a Comment

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Best Buy Coupons